ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃច័ន្ទថា រុក្ខជាតិឱសថដូចជាអាតេមីសៀ អានណូ (Artemisia annua) ដែលត្រូវបានគេចាត់ទុកថា ជាការព្យាបាលដែលអាចប្រើបានសម្រាប់ជំងឺ COVID-19 គួរតែត្រូវបានធ្វើតេស្តពីប្រសិទ្ធភាព និងផលប៉ះពាល់។ អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនគាំទ្រឱសថបុរាណដែលបានបង្ហាញ ឱ្យឃើញតាមបែបវិទ្យាសាស្ត្រដោយបន្ថែមថា ថ្នាំផ្សំ និងឱសថជំនួសមានអត្ថប្រយោជន៍ជាច្រើន។ ការប្រណាំងប្រជែងដើម្បីរកវិធីព្យាបាលជំងឺ COVID-19 បានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មីចំពោះរុក្ខជាតិនានា ដូចជាអាតេមីសៀអានណូ ដែលត្រូវបានគេស្គាល់ផងដែរថាជាដើមដង្កូវផ្អែម។ប្រធានាធិបតីរបស់ប្រទេសម៉ាដាហ្គាស្កា លោក អាន់ឌ្រី រ៉ាចូលីណា (Andry Rajoelina) កំពុងផ្សព្វផ្សាយការព្យាបាលដោយផ្អែកលើរោងរុក្ខជាតិ។ ទោះបីជាការលាយផ្សំពីរុក្ខជាតិនេះ មិនទាន់ត្រូវបានសាកល្បងតាមបែបវិទ្យាសាស្ត្រក៏ដោយ ក៏មេដឹកនាំនៃបណ្ដាប្រទេសអាហ្វ្រិកមួយចំនួន បានប្រកាសដាក់ការបញ្ជាទិញ ឬទទួលបានការយល់ព្រមពីការបញ្ជាទិញរុក្ខជាតិនេះដែរ។ អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយស្ថាប័នស្រាវជ្រាវ ដើម្បីជ្រើសរើសផលិតផលឱសថបុរាណ ដែលអាចត្រូវបានតាមដានប្រសិទ្ធភាពព្យាបាល និងសុវត្ថិភាពសម្រាប់ការព្យាបាលជំងឺ COVID-19 ជាជំងឺផ្លូវដង្ហើមដែលបណ្ដាលមកពីវីរុសកូរ៉ូណាថ្មី៕ដោយPP